ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការងារទាក់ទងនឹងវត្ថុតាងបទល្មើសគ្រឿងញៀន

    ទីស្តីការក្រសួងយុត្តិធម៌ ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ , ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការងារទាក់ទងនឹងវត្ថុតាងបទល្មើសគ្រឿងញៀន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ុក ម៉ានី អនុរដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ, ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ ព្រមទាំងអស់លោកជាសមាជិកក្រុមការងារ។ កិច្ចប្រជុំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសេចក្តីសម្រេចលេខ ៥៣ កយ.សសរ/២២ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការងារទាក់ទងនឹងវត្ថុតាងបទល្មើសគ្រឿងញៀន ព្រមទាំងកំណត់នូវទិសដៅផែនការសកម្មភាពដែលក្រុមការងារត្រូវត្រៀមលក្ខណៈអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។