ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តកំពត

 

         ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់        ឯកឧត្តម លាង សំណាត់ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពត ជំនួស ឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវបានផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត, ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ ឯកឧត្តម លាង សំណាត់ ដែលត្រូវបានតែងតាំងជាប្រធានថ្មីនៃសាលាដំបូងខេត្តកំពត និង ឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវបានផ្ទេរទៅជាប្រធានថ្មីនៃសាលាដំបូងខេត្តកំពង់ស្ពឺ និងបានផ្តល់ការណែនាំដល់ពួកគាត់ ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងនានាឱ្យបានឆាប់រហ័យ ដើម្បីចៀសវាងការកើតឡើងវិញនូវការកកស្ទះសំណុំរឿងសារជាថ្មី។