ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តព្រះវិហារ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តចំនួនបី ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមមាន ប្រធានសាលាដំបូងខេត្តព្រះវិហារ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

សមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះ រួមមាន ៖ ១- ឯកឧត្តម យុត ពន្លឺ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះវិហារ ជំនួស ឯកឧត្តម អៀង គឹមថុល ដែលត្រូវបានចូលនិវត្តន៍, ២- ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ជំនួស ឯកឧត្តម កែវ សុជាតិ ដែលត្រូវផ្ទេរមកទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ៣- ឯកឧត្តម ម៉ម វ៉ាន់ដា ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជំនួស ឯកឧត្តម ហៀង សុភក្រ្ត ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ដែលទើបត្រូវបានតែងតាំងថ្មី ដោយ ឯកឧត្តម បានកត់សម្គាល់ថា ការតែងតាំងជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងនេះ ត្រូវបានធ្វើឡើងផ្អែកលើចំណេះដឹង សមត្ថភាព និងកេរ្តិ៍ឈ្មោះ ព្រមទាំងមានស្នាដៃល្អក្នុងការដឹកនាំនិងបំពេញការងារ ប្រកបដោយប្រសិទ្ធភាព គុណភាព ក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ការណែនាំដល់ពួកគាត់ ឱ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសវិធានការដែលមានចែងក្នុងមាត្រា ៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជានិច្ចស្របតាមបរិបទនៃកំណែទម្រង់ថ្មី ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត។