ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមន្ត្រីនៃនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន បានបន្តចុះសិក្សាស្រាវជ្រាវ និងសម្ភាសន៍ជាមួយមន្ត្រីផ្ដល់សេវាសម្រុះសម្រួលវិវាទ និងប្រជាពលរដ្ឋមកទទួលសេវាដោះស្រាយវិវាទនៅមូលដ្ឋាន។

            ថ្ងៃ អង្គារ ០៧ រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងែទី០៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមន្ត្រីនៃនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន បានបន្តចុះទៅធ្វើការសិក្សាស្រាវជ្រាវ និងសម្ភាសន៍ជាមួយ មន្ត្រីផ្តល់សេវាសម្រុះសម្រួលវិវាទនៅមូលដ្ឋាន និងប្រជាពលរដ្ឋដែលធ្លាប់មកទទួលសេវា នៅការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូល (អតីតមណ្ឌលសេវាកម្មយុត្តិធម៌) នៅគោលដៅដូចខាងក្រោម ៖

- ខេត្តកំពង់ស្ពឺ នៅក្រុងច្បារមក ស្រុកគង់ពិសី និងស្រុកបរសេដ្ឋ

- ខេត្តកំពត នៅក្រុងកំពត ស្រុកទឹកឈូ និងស្រុកអង្គរជ័យ ។

           ការចុះសិក្សាស្រាវជ្រាវនេះ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមដើម្បីរៀបចំនូវឯកសារទស្សនទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលឯកសារទស្សនទាននេះ នឹងជួយ ដល់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាក្រសួងយុត្តិធម៌ ក្នុងការរៀបចំយន្តការ និងក្របខ័ណ្ឌគតិយុត្ត ដើម្បីរៀបចំជាស្តង់ដារសម្រាប់ ការបណ្ដុះបណ្ដាល និងគុណភាពសេវាសម្រុះសម្រួលវិវាទដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។