ថ្ងៃ ពុធ ០១ រោច ខែបុស្ស ឆ្នាំជូត ព.ស.២៥៥៤ ត្រូវនឹងថ្ងែទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមន្ត្រីនៃនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន បានបន្តចុះទៅធ្វើការសិក្សាស្រាវជ្រាវ និងសម្ភាសន៍ជាមួយ មន្ត្រីផ្តល់សេវាសម្រុះសម្រួលវិវាទនៅមូលដ្ឋាន និងប្រជាពលរដ្ឋដែលធ្លាប់មកទទួលសេវា នៅការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូល (អតីតមណ្ឌលសេវាកម្មយុត្តិធម៌) នៅគោលដៅដូចខាងក្រោម ៖
- រាជធានីភ្នំពេញ នៅខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌមានជ័យ
- ខេត្តបាត់ដំបង នៅក្រុងបាត់ដំបង ស្រុកមោងឬស្សី និងស្រុកសំឡូត ។
ការចុះសិក្សាស្រាវជ្រាវនេះ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមដើម្បីរៀបចំនូវឯកសារទស្សនទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលឯកសារទស្សនទាននេះ នឹងជួយ ដល់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាក្រសួងយុត្តិធម៌ ក្នុងការរៀបចំយន្តការ និងក្របខណ្ឌគតិយុត្ត ដើម្បីរៀបចំជាស្តង់ដារសម្រាប់ ការបណ្ដុះបណ្ដាល និងគុណភាពសេវាសម្រុះសម្រួលវិវាទដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។