ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាររបស់ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ញើ​ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់

 

ខ្ញុំសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌  ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា ៖

យោងតាមព័ត៌មានដែលខ្ញុំបានទទួលពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា  លទ្ធផលនៃការធ្វើតេស្តលើកទី៣ របស់ខ្ញុំនៅថ្ងៃទី១២ ខែធ្នូ គឺ អវិជ្ជមានជំងឺកូវីដ-១៩។ 

ទន្ទឹមនឹងនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល  ខ្ញុំ ក៏ដូចជាសហការីផ្សេងទៀតដែលទទួលលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ-១៩ លើកទី៣ នេះ នឹងចូលធ្វើការជាធម្មតាឡើងវិញ នៅក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃច័ន្ទ ទី១៤ ខែធ្នូ តទៅ ដោយបន្តប្រកាន់ខ្ជាប់អនុវត្តវិធានផ្នែកសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩។ 

ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវមូលវិចារដ៏ថ្លៃថ្លា និងការអរគុណដ៏ជ្រាលជ្រៅជូនចំពោះសហការីទាំងអស់  ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានសម្តែងក្តីបារម្ភចំពោះសុខភាពរបស់ខ្ញុំ , បានសួរសុខទុក្ខ ក៏ដូចជាផ្ញើសារជូនពរដល់ខ្ញុំ ក្នុងរយៈពេលដែលខ្ញុំធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី ២៩  ខែវិច្ឆិកា កន្លងមក។

សូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា!
សូមអរគុណ!

១៣-ធ្នូ-២០២០
កើត រិទ្ធ