នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានអញ្ជើញដឹកនាំគណៈប្រតិភូឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមអគ្គលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងព្រះបរមរូបព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ១៩៥៣ - ថ្ងៃ០៩ ខែវិចិ្ឆកា ឆ្នាំ២០២០ ។
ថ្ងៃទី ០៩ វិច្ឆិកា ២០២០ នេះ គឺជាខួបគម្រប់ ៦៧ឆ្នាំគត់ ដែល ប្រទេសកម្ពុជាបានទទួលឯករាជ្យ ពេញបរិបូណ៌ ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូនីយកិច្ចរបស់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។