នៅព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក កិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាគណៈអធិបតី ថ្លែងបើកកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលរៀបចំឡើងដោយ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ។ សិក្ខាសាលានេះ មានសមាជិកចូលរួមចំនួន១១០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២៣ ។ គោលបំណងនៃសិក្ខាសាលានេះគឺផ្សព្វផ្សាយច្បាប់និងបង្កើនការយល់ដឹងដល់មន្រ្តីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការីកសាយភាយអាវុធមហាប្រល័យ។