នាថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥ : ០០ រសៀលនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូធ្វើសេចក្តីរាយការណ៍ស្តីពីលទ្ធផលនៃការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារតាមរយៈយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តក្នុងរយៈពេល១៥០ថ្ងៃ និងពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងការលើកលែងទោស ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំ "A" នាទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។