ខេត្តមណ្ឌលគិរី : នាព្រឹក ថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានដឹកនាំក្រុមការងារទី២ បើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនៈភាពការងារ និងចំណាត់ការសំណុំរឿងសំណុំរឿងកកស្ទះ ជាពិសេស ផ្សព្វផ្សាយអំពីលទ្ធផលរយៈពេល ១៥០ ថ្ងៃនៃ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តមណ្ឌលគិរី។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរពីលទ្ធផលការងារ ដែលចៅក្រម និងព្រះរាជអាជ្ញាសម្រេចបាននាពេលកន្លងមក ហើយឯកឧត្តមរដ្ឋលេខាធិការ ជម្រុញ និងលើកទឹកចិត្តដល់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវខិតខំបន្តទៀត ក្នុងការដោះស្រាយសំណុំកកស្ទះ ដើម្បីលើកស្ទួយកិតិ្តយសវិស័យយុត្តិធម៌ទាំងមូល ដោយប្រកាន់ភ្ជាប់នូវ អភិក្រម លឿន យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានទទួលបន្ទុកតំបន់ត្បូងឃ្មុំ ក្រុមការងារទី២ ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា លោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធានលេខាធិការដ្ឋាន អនុប្រធាន លេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានទាំងអស់ នៃសាលាដំបូង ខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។