ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌បានសហការជាមួយអគ្គរដ្ឋអាជ្ញាអូស្រ្តាលីរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

            

       នៅថ្ងៃអង្គារ និងថ្ងៃពុធ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារ Courtyard by Marriot រាជធានីភ្នំពេញ ក្រសួងយុត្តិធម៌បានសហការជាមួយអគ្គរដ្ឋអាជ្ញាអូស្រ្តាលីរៀបចំសិក្ខាសាលាស្តីពី«ការផ្សព្វផ្សាយច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» តាមរយៈ Video Conference ។ សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីជំនាញនៃអាជ្ញាធរកណ្តាលនៃក្រសួងយុត្តិធម៌ចំនួន ៣០រូប និងមានការអញ្ជើញចូលរួមជាកិត្តិយសផងដែរដោយលោក Luke Arnold អនុប្រធានបេសកកម្មស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌។

    សិក្ខាសាលានេះ មានគោលបំណងបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់មន្រ្តីនៃអាជ្ញាធរកណ្តាលពាក់ព័ន្ធនឹងតួនាទីរបស់អាជ្ញាធរកណ្តាល ស្ថាប័នអនុវត្ត និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ស្របតាមច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្តល់ឱកាសឱ្យមន្រ្តីនៃអាជ្ញាធរកណ្តាលកម្ពុជា ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយមន្រ្តីជំនាញនៃអាជ្ញាធរកណ្តាលអូស្ត្រាលី ទាំងក្នុងទិដ្ឋភាពច្បាប់ ទាំងក្នុងទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង។