ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់អាវផាយជូនដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៥ និងជំនាន់ទី៦ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

        កាលពីរសៀលថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានក្រឡាបញ្ជី (អាវផាយ) ជាផ្លូវការ ជូនអតីតសិស្សសាលាភូមិន្ទក្រឡាបញ្ជីជំនាន់ទី៥ និងជំនាន់ទី៦ នៃរាជបណ្ឌិត     សភាវិជ្ជាជីវៈតុលាការ ដែលមានចំនួនសរុប ២១០ រូប    ។          ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់    ឯកឧត្តម   ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

       យោងតាមរបាយការណ៍របស់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សាលាភូមិន្ទក្រឡាបញ្ជីបានចាប់ផ្តើមបណ្តុះបណ្តាលសិស្សក្រឡាបញ្ជីជំនាន់ទី១ ចាប់តាំងពី   ឆ្នាំ ២០០៨ រហូតមកដល់ពេលបច្ចុប្បន្នសរុបចំនួន ៦៨៨ រូប ហើយសិស្សក្រឡាបញ្ជីជំនាន់ទី៧ ចំនួន ១១៦ រូបកំពុងទទួលការបណ្តុះបណ្តាល។

     ថ្លែងក្នុងពិធីនេះ ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនាពេលកន្លងមក និងមានជំនឿទំនុកចិត្តយ៉ាងមុតមាំថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនឹងបន្តកិច្ចខិតខំប្រឹងប្រែងចំពោះបេសកកម្មរបស់ខ្លួន ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់ប្អូនៗ  អតីតសិស្សក្រឡាបញ្ជី ដែលបានទទួលនូវវិជ្ជាជីវៈជាក្រឡាបញ្ជីទាំងអស់នូវភាពជាគំរូដ៏ល្អសម្រាប់ឱ្យនិស្សិតច្បាប់ និងយុវជនដទៃទៀតយកជាគំរូតាម។

    ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈច្បាប់ និងតុលាការ ក្នុងការខិតខំផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្នុងនោះរួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ប្រកបដោយគុណភាព និងចំណេះដឹង ដើម្បីផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។    ឯកឧត្តម ក៏បានគូសរំលេចអំពីតួនាទីភារកិច្ចដ៏សំខាន់របស់ក្រឡាបញ្ជីនៅគ្រប់កិច្ចនៃនីតិវិធីមិនអាចខ្វះបាន ក្នុងនាមជាជំនួយដល់អង្គតុលាការ និងអង្គអយ្យការ។

       ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃ “សន្តិភាព” ដែលបានមកតាមរយៈការពុះពារគ្រប់ឧបសគ្គរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវមជ្ឈដ្ឋានជាទូទៅប្រសិទ្ធនាមថាជា «បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា»  ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី   បានណែនាំដល់អតីតសិស្សក្រឡាបញ្ជីទាំង ២១០ រូប ដែលជាយុវជនទើបចាប់ផ្កើមវិជ្ជាជីវៈក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាល ត្រូវតែការពារសន្តិភាពជាដាច់ខាត ដើម្បីវិបុលភាពកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសិស្សក្រឡាបញ្ជីទាំង ២១០ រូប ត្រូវខិតខំផ្តល់សេវាយុត្តិធម៌ ដែលជាសេវាសាធារណៈមួយផងដែរ ឱ្យបានល្អ និងបានណែនាំឱ្យសិស្សក្រឡាបញ្ជីទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន ៣ នៅពេលបំពេញការងារ ដែលរួមមាន៖

១.ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

.គោរពឱ្យបាននូវអភិក្រមដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាចំណុចស្នូលនៃអភិបាលកិច្ច គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និង

 ៣.គោរពឱ្យបាននូវអភិក្រមការងារដែលបានដាក់ចេញតាមរយៈ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ហើយត្រូវអនុវត្តជាប្រចាំក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងអនុវត្តជារៀងរហូត ពោលគឺមិនមែនអនុវត្តតែក្នុងរយៈពេលយុទ្ធនាការនោះទេ។