សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមលេខាធិការនៃក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី បានជួបប្រជុំជាមួយក្រុមការងារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពន្លឿនកិច្ចការសេចក្ដីព្រាងការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាក្រុមប្រឹក្សាគណ:មេធាវី សមាជិក សមាជិកា ក្រុមលេខាធិការ និងក្រុមជំនួយការ សរុប ១៩រូប។ ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តម សួន វិសាល ប្រធានកិច្ចប្រជុំបានដាក់ចេញនូវផែនការការងារ ដោយកំណត់យកការប្រជុំរួមធ្វើវិសោធនកម្មនៅរៀងរាល់១សប្តាហ៍ម្តង និងតម្រូវឲ្យបញ្ចប់សេចក្ដីព្រាងការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីនេះនៅដំណាច់ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ កិច្ចប្រជុំបានបញ្ចប់ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ និងពោរពេញដោយភាពស្និតស្នាល៕