នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម កេីត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជេីញដឹកនាំក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈតំណាងវិស័យយុត្តិធម៌ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ហ.ស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ការពិនិត្យ និងពិភាក្សាលេីរបាយការណ៍ប្រចាំឆ្នាំ២០២៤ នេះ មានគោលបំណងតាមដាន និងវាយតម្លៃលេីការពង្រឹងប្រសិទ្ធភាពចំណាយ និងជំរុញការអនុវត្តវិធានការចាំបាច់ទាំងឡាយទាំងផ្នែកចំណូល-ចំណាយ ឈានឆ្ពោះទៅការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ព្រមទាំងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដេីម្បីធានាឱ្យបានពេញលេញនូវស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តថវិកា។ គ.ហ.ស គ្រោងនឹងរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤ នាថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។