ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៃរដ្ឋសភា

 

វិមានរដ្ឋសភា៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥, ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ចំនួន ២ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៃរដ្ឋសភា។ សេចក្តីព្រាងច្បាប់ទាំង ២ នេះ រួមមាន៖ (១)-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និង (២)-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សូមគូសបញ្ជាក់ថា៖ (១)-ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ គឺត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា “អ.វ.ត.ក.” ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ (២)-ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក គឺត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យកឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ជាលទ្ធផល, ក្រោយពីបានពិភាក្សាតាមនីតិវិធីរួច អង្គរដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ទាំង ២ ខាងលើនេះ ដោយសំឡេង ១១៥ សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន ១១៥ រូប។