នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការយេនឌ័រប្រចាំក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃគណៈកម្មការយេនឌ័រប្រចាំក្រសួងយុត្តិធម៌ ដើម្បីស្វែងយល់ពីចំណាត់កានៃររឿងក្តីដែលពាក់ព័ន្ធនឹងស្ត្រី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ ការចុះបំពេញបេសកកម្មរបស់គណៈកម្មការយេនឌ័រប្រចាំក្រសួងយុត្តិធម៌ គឺដើម្បីអនុវត្តតាមអនុសាសន៍គន្លឹះ ១២ ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីមានមូលដ្ឋានក្នុងការរៀបចំរបាយការណ៍ឆ្លើយតបទៅ គណៈកម្មាធិការទទួលបន្ទុកការលុបបំបាត់ការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) នៃអង្គការសហប្រជាជាតិ។