រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ទឹម សុីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអគ្គនាយកនាយករង ប្រធាននាយកដ្ឋាន ជាព្រះរាជអាជ្ញាក្រសួងយុត្តិធម៌ មន្រ្តីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា សរុបប្រមាណ ៦០រូប។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥, ការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រី, ការពង្រឹងវិន័យការងារ និងការត្រៀមចូលរួមអនុវត្តបេសកកម្មការងាររបស់ក្រសួងយុត្តិធម៌ដែលត្រូវបានដាក់ចេញ និងកំពុងអនុវត្ត។