ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងស្ថិតិសាលក្រម សាលដីកា និងសម្រង់ព័ត៌មានជនជាប់ឃុំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស

ក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចពិភាក្សាការងារពាក់ព័ន្ធនឹងស្ថិតិសាលក្រម សាលដីកា និងសម្រង់ព័ត៌មានជនជាប់ឃុំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ជាមួយអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ ឯកឧត្តម ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងការប្រមូលផ្តុំ និងការគ្រប់គ្រងព័ត៌មានស្តីពីស្ថិតិសាលក្រម សាលដីកា របស់ទណ្ឌិតដែលកំពុងអនុវត្តទោសនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅតាមបណ្ដារាជធានី ខេត្ត ព្រមទាំងសម្រង់ព័ត៌មានជនជាប់ឃុំទូទាំងប្រទេស ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសពង្រឹងសង្គតភាពលើទិន្ន័យទាំងនេះ សម្រាប់ធានាសុក្រឹតភាពការងារជូនគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ។