ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃរដ្ឋសភា

វិមានរដ្ឋសភា៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ២ រួមមាន ៖ (១)-សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និង (២)-សេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក និងសមាជិកា នៃគណៈកម្មការនានានៃរដ្ឋសភា។ ជាលទ្ធផល, អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំង ២ នេះ ដើម្បីដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត នៅពេលខាងមុខ។