ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងសមាជិកនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ, មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបង មន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ផងដែរ។ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាតាមការគ្រោងទុក ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងខេត្តបាត់ដំបង។ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់នូវគោលការណ៍ណែនាំសំខាន់ៗជាច្រើនចំណុចដល់អង្គសន្និបាតសម្រាប់ជាទិសដៅការងារបន្តនាឆ្នាំ២០២៥ និងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដែលរដ្ឋបាលខេត្តបាត់ដំបង បាន និងកំពុងជួបប្រទះផងដែរ។