រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខណៈបរិវត្តកម្មឌីជីថល គឺជាការឆ្ពោះទៅរកកាលានុវត្តភាពថ្មី តាមរយៈការប្រែប្រួលនៃប្រព័ន្ធឌីជីថល។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល តាមរយៈកម្មវិធីអក្ខរកម្មឌីជីថល កម្មវិធីអប់រំឌីជីថលកម្រិតឧត្តមសិក្សា កម្មវិធីបណ្តុះបណ្តាល ពង្រឹងជំនាញឌីជីថលក្នុងចំណោមមន្ត្រីរាជការ និងកម្មវិធីភាពជាអ្នកដឹកនាំឌីជីថល។ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំធនធានមនុស្សឌីជីថល សម្រាប់គាំទ្រដល់ដំណើរការនៃការធ្វើបរិវត្ត កម្ម ឌីជីថលផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈឌីជីថលដល់វិស័យឯកជន និងប្រជាពលរដ្ឋ។