ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា "ពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងជាមួយដៃគូ នៃកម្មវិធីអាស៊ាន-អូស្ដ្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា(ASEAN-ACT)”។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងយុត្តិធម៌, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ក្រសួងកិច្ចការនារី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(AICHR),​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន-កម្ពុជា(SOMTC) និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិមួយចំនួនផងដែរ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចម្បងចំនួន ៣ រួមមាន៖ ១.ពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងសកម្មភាពការងារនៃកម្មវិធី ASEAN-ACT​ និងប្រមូលទស្សនៈរបស់ដៃគូអំពីគុណភាពនៃកម្មវិធី និងវឌ្ឍនភាពក្នុងការសម្រេចបាននូវលទ្ធផលរយៈពេលមធ្យម ២.បង្ហាញ និងចែករំលែកចំណុចសំខាន់ៗនៃសមិទ្ធផលពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ៣.ជំរុញការរៀនសូត្រ​ និងការយល់ដឹងសម្រាប់ការកែលម្អ ដើម្បីជូនព័ត៌មានរៀបចំផែនការការងារនៃកម្មវិធី ASEAN-ACT សម្រាប់ឆ្នាំ២០២៥-២០២៦។