ក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ រាយការណ៍ចំពោះលទ្ធផលការងាររបស់ខ្លួនក្នុងឆ្នាំ២០២៤ កន្លងមក ។ ជាកិច្ចបន្ទាប់ ប្រធាននាយកដ្ឋានក្រោមឱវាទនៃអគ្គនាយកដ្ឋាននីមួយៗ ក៏បានឡើងរាយការអំពីលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ខ្លួន ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ឱកាសដល់មន្ត្រីក្នុងនាយកដ្ឋាន ឡើងបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។ ក្រោយពីក្តាប់បាននូវរបាយការណ៍ផ្ទាល់មាត់ របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានរួចមក កិច្ចប្រជុំបានបន្តពិភាក្សាពិគ្រោះយោបល់លើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងអនុសាសន៍ជាគន្លឹះល្អៗសម្រាប់ការអនុវត្តភារកិច្ចបន្ត។ ជាមតិចុងក្រោយ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវចំពោះតួនាទី និងចំពោះមុខថ្នាក់ដឹកនាំនាពេលកន្លងមក និងបានផ្តាំផ្ញើឱ្យបន្តអនុវត្តផែនការប្រចាំឆ្នាំ២០២៥ នេះ ឱ្យកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព ស្របតាមអភិក្រមការងារគឺ លឿន ត្រឹមត្រូវ និងយុត្តិធម៌។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សារី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទអគ្គនាយកដ្ឋានទោសព្រហ្មទណ្ឌផងដែរ។