នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងក្រពិត ក្រោមសហអធិបតីភាព ឯកឧត្តម ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នៅ បោនន័រ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ននានា។ កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យនេះ មិនបានសម្រេចនូវការឯកភាពគ្នានោះទេ ជាពិសេសការជំទាស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចុងបញ្ចប់ ឯកឧត្តមសហប្រធានអង្គប្រជុំបានសម្រេចថា នឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដោយមានការចូលរួមតែក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងក្រពិត នេះប៉ុណ្ណោះ។