នាព្រឹក ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងយុត្តិធម៌។ ជំនួបពិភាក្សានេះ ផ្ដោតសំខាន់លើការងារជាអាទិភាពមួយចំនួន រួមមានដូចខាងក្រោម៖ ១. កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកច្បាប់និងយុត្តិធម៌ រវាងកម្ពុជា និងជប៉ុន ២. គោលដៅការងារអាទិភាពរបស់ក្រសួងយុត្តិធម៌កម្ពុជា ៣. គម្រោងក្នុងការបង្កើន និងពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា និងជប៉ុន នាពេលអនាគត។