នៅព្រឹកថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយនាយកដ្ឋានអ្នកបកប្រែនិងអ្នកជំនាញក្នុងវិស័យច្បាប់និងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងឯកសារទស្សនាទានស្តីពី «ការផ្តល់សេវាសាធារណៈបកប្រែផ្លូវការលើលិខិត និងឯកសារផ្សេងៗពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌» ដែលបានព្រាងជាបឋមដោយការិយាល័យរដ្ឋបាល និងកិច្ចការអ្នកបកប្រែ នៃនាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដោយបានពិនិត្យ ពិភាក្សាទៅលើខ្លឹមសារ គោលបំណង វិសាលភាព ក្របខណ្ឌគតិយុត្ត និងយន្តការអនុវត្តជាក់ស្តែងមួយចំនួនក្នុងប្រទេសកម្ពុជា៕