ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិនិត្យស្ថានភាពសិទ្ធិមនុស្សជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមករាឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិនិត្យស្ថានភាពសិទ្ធិមនុស្សជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២ ដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កម្មវិធីនេះ ក៏មានការចូលរួមផងដែរពី ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយជនជាប់ឃុំ ជាស្រ្តីនិងអនីតិជន នៅមណ្ឌលអប់រំកែប្រែទី២។ ក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិ ក៏បានគូសបញ្ជាក់ផងដែរអំពីការយកចិត្តទុកដាក់របស់ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើសិទ្ធិរបស់ជនជាប់ឃុំ ជាពិសេសសិទ្ធិទទួលបានយុត្តិធម៌ តាមរយៈកម្មវិធីជំនួយផ្នែកច្បាប់ ការអនុវត្តទោសមិនមែនពន្ធនាគារ ការលើកលែងទោសបន្ធូរបន្ថយទោស ការដោះលែងដោយមានលក្ខខណ្ឌ ដោយផ្តល់អាទិភាពដល់ជនដែលងាយរងគ្រោះ ផ្អែកលើគោលការណ៍មនុស្សធម៌ រួមមានដូចជាស្រ្តី ស្រ្តីមានផ្ទៃពោះនិងកូនតាមម្តាយ អនីតិជន ជនចាស់ជរា ជនមានពិការភាព និង ជម្ងឺរុំារ៉ៃធ្ងន់ធ្ងរ ជាដើម។ល។ និងជាពិសេសតាមរយៈការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានរួមចំណែកផងដែរដល់ការដោះស្រាយបញ្ហានៃភាពចង្អៀតណែនក្នុងពន្ធនាគារ។