ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀន នៅខេត្តបាត់ដំបង

    បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលត្រូវបានរឹបអូសតាមសេចក្តីសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងយុត្តិធម៌ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ម៉ក់ ជីតូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន រួមជាមួយនិងប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងប៉ៃលិន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ ស.ស.យ.ក និងប្រជាពលរដ្ឋ សរុបជាង ៥៥០ នាក់។

       យោងតាមរបាយការណ៍របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងជាតំណាងសាលាដំបូងទាំងបីផ្សេងទៀតបានលើកឡើងថា គ្រឿងញៀនដែលបានដុតបំផ្លាញនៅក្នុងពិធីនេះ គឺមានប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៨,០៦៩.០៦ ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៦១,៩៧៨ គ្រាប់ និងគ្រឿងញៀនជាច្រើនប្រភេទទៀត ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន។

       ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនបានមានប្រសាសន៍ថា «ការប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀននាពេលនេះ មិនត្រឹមតែដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ តែការដុតបំផ្លាញគ្រឿងញៀននេះ គឺជាការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងក៏ជានិមិត្តរូបនៃការចូលរួមប្រកបដោយឆន្ទៈមោះមុត និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្ថាប័នតុលាការ និងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធដទៃទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តនូវផែនការ និងកម្មវិធីនយោបាយពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាគ្រឿងញៀន ជាពិសេសគឺការអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់»។

      ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីនគរបាលយុតិ្តធម៌បស់ខេត្តទាំង៤ ក៏ដូចជាស្ថាបន័អនុវត្តច្បាប់ពាក់ព័ន្ធ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យបន្ថែមទៀត សម្រាប់បម្រើជាឧត្តមប្រយោជន៍របស់សង្គមជាតិយើង។

     ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកទ្បើងអំពីផលវិបាកធ្ងន់ធ្ងរនៃគ្រឿងញៀន ក្នុងការបំផ្លាញ ក៏ដូចជាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះ បុគ្គលផ្ទាល់ខ្លួនគ្រប់រូប ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ហើយ ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆំាងគ្រឿងញៀន ត្រូវការជាចាំបាច់មិនអាចខ្វះបាននូវការចូលរួមពីគ្រប់ស្ថាបន័អនុវត្តច្បាប់ពាក់ព័ន្ធ វិស័យឯកជន និងបណ្តាញសារព័ត៌មាន ជាពិសេសត្រូវផ្តើមចេញពីខ្លួនយើងម្នាក់ៗ ពីគ្រួសារ និងពីសហគមន៍ទាំងមូល ដែលត្រូវនិយាយថា “ទេ” ចំពោះគ្រឿងញៀន។ 

     គួរបញ្ជាក់ផងដែរថា យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន៥លើក។