នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តីធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមជាមួយឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ លើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩) ខាងមុខនេះ ដើម្បីឱ្យកាន់តែមានតម្លាភាព និងសុក្រឹតភាពបន្ថែមទៀត ដែលជាកត្តាដ៏សំខាន់ជំរុញឱ្យទណ្ឌិតខិតខំបំពេញលក្ខខណ្ឌនានាតាមច្បាប់ និងកែប្រែគំនិតមារយាទឱ្យបានល្អ ដើម្បីឆាប់ទទួលបានឱកាសបន្ធូរបន្ថយទោស ឬលើកលែងទោសស្របតាមច្បាប់ជាធរមាន។