ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, ចូលរួម «ពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមក្នុង «ពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ-រាជធានីភ្នំពេញ។

អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ១៩៨០។ ព្រមជាមួយគ្នានេះដែរ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល។

ថ្លែងក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាសន្តិភាព ភាពជឿនលឿននៃសង្គម-សេដ្ឋកិច្ច និង ទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនឥស្លាមជាច្រើន ក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ បងប្អូនឥស្លាមកាន់តែច្រើន ក៏មានលទ្ធភាព និង ឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយវិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា៕