ដោយទទួលបានការចាត់តាំងបន្តពីឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមក្នុងពិធីប្រកាស និងប្រគល់ជ័យលាភីចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណ:សម្បត្តិទី៦ ៖ មានអនាម័យ មានសោភ័ណភាព និងមានបរិស្ថានល្អ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឃុំ សង្កាត់ ចំនួន៥០ មកពីក្រុង-ស្រុក ចំនួន៤១ នៅក្នុងប្រទេសកម្ពុជា បានទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណ:សម្បត្តិទី៦ ឆ្នាំ២០២៤ នេះ។ ចលនាប្រឡងប្រណំាង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណ:សម្បត្តិទី៦ គឺជាផ្នែកមួយនៃការអភិវឌ្ឍខ្សែក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា និងជាយន្តការលើកទឹកចិត្តលើការដោះស្រាយបញ្ហាសំរាម សំណល់រឹង និងសំណល់រាវ សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់របស់យើងមានភាពស្អាត មានសោភ័ណភាព គ្មានសំរាមបោះចោលតាមផ្លូវដើម្បីឈានទៅសម្រេចគោលដៅ «កម្ពុជាស្អាត កម្ពុជាបៃតង និងចីរភាព»។