ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្ដល់យោបល់ប្រមូលធាតុចូល លើសេចក្ដីព្រាង៖ “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics–Generative AI)" ដែលប្រព្រឹត្តិទៅនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

     នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី“មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics–Generative AI)" ដែលប្រព្រឹត្តិទៅនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណង ប្រមូលធាតុចូលលើសេចក្តីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” និងដើម្បីជាការប្រាស្រ័យទាក់ទងជាផ្លូវការលើកដំបូង របស់តួអង្គអភិបាលកិច្ចបញ្ញាសិប្បនិម្មិត រវាងវិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងសង្គមស៊ីវិល។ សេចក្ដីព្រាងមគ្គទេសក៍នេះ បង្កើតឡើងដើម្បីតម្រែតម្រង់ការរចនា ការអភិវឌ្ឍ និងការដាក់ឱ្យប្រើបញ្ញាសិប្បនិម្មិតបង្កើតមាតិកានៅអាស៊ានឱ្យមានសីលធម៌និងការទទួលខុសត្រូវ។ ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) ចំណុះឱ្យរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីសហការគ្នាលើកិច្ចសហការ អភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់។