នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ, អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តបាត់ដំបងផងដែរ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីបនេះឡើង ដែលមានរយៈពេល ២ថ្ងៃ ដោយចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះក៏មានការតាំងពិព័រណ៍ផលិតផល ប្រគុំតន្រ្តី បាញ់កាំជ្រួច បង្ហោះគោម ជាដើម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជា ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ សម្រាប់ពិធីប្រណាំងទូក ឆ្នាំ២០២៤ នេះផងដែរ មានទូកចូលរួមប្រណាំង សរុបចំនួន ៤២ទូក ក្នុងនោះ មានកីឡាករកីឡាការិនីចូលរួម សរុបចំនួន ១៤៩០ នាក់។ ថ្លែងក្នុងពិធីនេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរដែនដី, មន្ទីរ, អង្គភាពនានា និង កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ជុំវិញខេត្តបាត់ដំបង ដែលបានរៀបចំពិធីនេះឡើងយ៉ាងអធិកអធម និងបានចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អប្រសើរក្នុងពិធីប្រកួតកីឡាប្រណាំងទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២៤ ជាពិសេស ជួយញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តក្នុងពិធីនេះប្រកបដោយសាមគ្គីភាព មិត្តភាព យ៉ាងសប្បាយរីករាយ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាទីបំផុត។ ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សប្បុរសជន កីឡាករ កីឡាការិនី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន និង ក្រោមបរិយាកាសប្រកបដោយសាមគ្គីភាព និងសប្បាយរីករាយ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពានដល់កីឡាករ កីឡាការិនី ដែលបានទទួលជ័យលាភីផងដែរ។