ប្រទេសសិង្ហបុរី: នាព្រឹកថ្ងៃចន្ទ ១៥កើត ដល់ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ដែលរួមមានឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, លោក គឺ ខេមលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន លោក ហុក ច័ន្ទសុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងកញ្ញា ដានី ច័ន្ទ្ររស្មីឈូករ័ត្ន តំណាងសមាគមច្បាប់អាស៊ានកម្ពុជា (ALA Cambodia) ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីច្បាប់អាស៊ានលើកទី២៣ (23rd ASLOM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។ គណៈប្រតិភូបានចូលរួមកិច្ចប្រជុំសំខាន់ចំនួន៤ មាន៖
(១)- កិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានស្តីពីសន្ធិសញ្ញាអាស៊ានស្តីពីបត្យាប័ន លើកទី១១ (11th ASLOM WG on AET) នៅថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២៤
(២)- កិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានស្តីពីសុខដុមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ានលើកទី១៣ (13th ASLOM WG on Harmonisation of ASEAN Trade Law) នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤
(៣)-កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីច្បាប់អាស៊ាន លើកទី២៣ (23rd ASLOM) នៅថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២៤ និង
(៤)-កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីច្បាប់អាស៊ាន-ជប៉ុន លើកទី៣ (3rd ASLOM-Japan Consultation) នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។