ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការរៀបចំដំណើរការតុលាការការងារ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចពិភាក្សា សិក្សាស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើសេចក្ដីព្រាងច្បាប់បង្កើតតុលាការការងារ (លើកទី២)

     សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការរៀបចំដំណើរការតុលាការការងារ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំលើកទី២ ស្ដីពីការតាក់តែងសេចក្តីព្រាងនីតិវិធី ការប្រព្រឹត្តទៅ និងកំណត់ពេលវេលាក្នុងការបញ្ចប់កិច្ចការជាដំណាក់កាល និងទាំងស្រុង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារ និងក្រុមជំនួយការ សរុប២៦រូប។ អង្គប្រជុំបានជជែក និងពិភាក្សាគ្នាយ៉ាងផុសផុលទៅលើបទពិសោធន៍ បច្ចេកទេស និងគំនិតផ្ទាល់ខ្លួន ដោយប្រមូលបានធាតុចូលជាច្រើន។ សរុបជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្ដមប្រធានគណៈកម្មការ បានកំណត់ និងដាក់ចេញនូវគោលដៅចំនួន ៣ចំណុច៖

ទី១៖ ធ្វើការសិក្សាស្រាវជ្រាវ នូវរាល់ច្បាប់ជាតិ និងអន្តរជាតិ ដែលពាក់ពន្ធ័នឹងវិវាទ និងកិច្ចការតុលាការការងារ ដើម្បីយកមកធ្វើជាធាតុចូលសម្រាប់ការតាក់តែង។

ទី២៖ នឹងបញ្ចប់នូវសេចក្តីព្រាងមាតិកា នីតិវិធី និងការប្រព្រឹត្តទៅ នៅ២សប្តាហ៍ក្រោយ នឹងដាក់ចូលក្នុងកិច្ចពិភាក្សារួម។

ទី៣៖ កំណត់រយៈពេល ២ឆ្នាំដើម្បីបញ្ចប់ការរៀបចំដំណើរកាតុលាការការងារទាំងស្រុង ដោយនៅឆ្នាំទី១ នឹងបញ្ចប់ការតាក់តែងនីតិវិធីនិងការប្រព្រឹត្តទៅ និងនៅឆ្នាំទី២ នឹងបញ្ចប់ការរៀបចំធនធានមនុស្ស និងទីតាំង។ ជាចុងបញ្ចប់ ក្រុមការងារបានបញ្ចប់កិច្ចប្រជុំប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕