ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅសាធារណរដ្ឋកូរ៉េ

     នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹក ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈប្រតិភូកម្ពុជា ទាំង ២០ រូប ដើម្បីត្រៀមចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។ កម្មវិធីទាំងពីរ នៅប្រទេសកូរ៉េ ផ្ដោតសំខាន់លើ៖

១- ជំនួបពិភាក្សាការងាររវាងមន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តធម៌នៃសាធារណរដ្ឋកូរ៉េ។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងរឹតបណ្ដឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នារវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានាពេលកន្លងមក។

២- វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីសម្រាប់មន្ត្រីសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅតុលាការ (អ.ដ.ក.) ចំនួន ១៥ រូប ដែលនឹងត្រូវបានធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ច, យន្តការសន្ធានកម្ម, បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងយន្តការនៃការអនុវត្តផ្ទាល់របស់ភ្នាក់ងារសន្ធានកម្មមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េ។