រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញធ្វើជាសហប្រធានគណៈអធិបតី ជាមួយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងទំនាក់ទំនងជាមួយស្ថាប័នតុលាការ” ដែលត្រូវបានរៀបចំឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធិបើកសិក្ខាសាលានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធជាច្រើន រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, មហាអយ្យការអមសាលាឧទ្ធរណ៍ទាំង៤, ចៅក្រម និងព្រះរាជអាជ្ញានៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស, គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ដែលមកពីតាមបណ្តារាជធានីខេត្តទូទាំងប្រទេស ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណជាង ៦០០នាក់។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ចែករំលែកនូវបទពិសោធន៍ និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីតួនាទី និងភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌នៅក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖
(១)-តួនាទី និងភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌,
(២)-បទពិសោធន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌,
(៣)-តួនាទី និងភារកិច្ចរបស់ព្រះរាជអាជ្ញាទាក់ទងនឹងមន្ត្រីនគរបាលយុត្តិធម៌,
(៤)-តួនាទី និងភារកិច្ចរបស់ចៅក្រមស៊ើបសួរទាក់ទងនឹងមន្ត្រីនគរបាលយុត្តិធម៌ និង
(៥)-តួនាទី និងភារកិច្ចរបស់មេធាវីក្នុងរឿងក្តីព្រហ្មទណ្ឌ។
ប្រធានបទទាំងនេះ ត្រូវបានធ្វើបទឧទ្ទេសនាមដោយអ្នកអនុវត្តច្បាប់ដែលពោរពេញដោយបទពិសោធន៍ និងជាអ្នកអនុវត្តជាក់ស្តែង ដូចជា ចៅក្រម ព្រះរាជអាជ្ញា មេធាវី និងមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។