វិទ្យាល័យហ៊ុនសែន ព្រៃទទឹង ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ៖ នាថ្ងៃច័ន្ទ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីចូលកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និង សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។ បេក្ខជនប្រលងជ្រើសរើសសិស្សឆ្នើមនេះមានចំនួន ៣១៣ នាក់ រីឯមុខវិជ្ជាក្នុងការប្រឡងមាន ៤ មុខវិជ្ជា គឺ៖ គណិតវិទ្យា, រូបវិទ្យា, អក្សរសាស្រ្ត និង ប្រវត្តិវិទ្យា។ ដើម្បីធានាសុក្រឹត្យភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌, ក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកលើការចេញវិញ្ញាសា និងការកែសន្លឹកការ។ ដោយឡែក ក្រុមការងាររបស់ក្រសួងយុត្តិធម៌ទទួលបន្ទុកលើការងាររៀបចំការរៀបចំដំណើរការនៃការប្រលង ដោយសហការជាមួយវិទ្យាល័យទាំង៥ ។ ចំពោះរង្វាន់ជ័យលាភី គឺមានចំនួន ២៥ រង្វាន់។ ជ័យលាភីទាំង ២៥ រូប នឹងទទួលបាននូវប័ណ្ណសរសើរ និងសៀវភៅសិក្សាថ្នាក់ទី១១ ម្នាក់ ១ឈុត ព្រមទាំងរង្វាន់ដោយឡែកៗ តាមចំណាត់ថ្នាក់ដូចតទៅ ៖
- ជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ Honda Dream 125 មួយគ្រឿង និងថវិកា ១ លានរៀល
- ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ Wave ម្នាក់ ១ គ្រឿង និងថវិកា ១ លានរៀល
- ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល
- ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ ២ លានរៀល
- ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបាន ១លានរៀល និង
- ជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។
បន្ថែមលើនេះ ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗទទួលបានប័ណ្ណសរសើរ និងកុំព្យូរទ័រយួរដៃមួយគ្រឿង។