រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការស្វែងយល់ពីទំនាក់ទំនងរវាងពិការភាព និងការជួញដូរមនុស្សក្នុងតំបន់អាស៊ាន។ សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអនុស្សរណៈស្តីពីការយោគយល់ រវាងក្រសួងយុត្តិធម៌ សហការជាមួយកម្មវិធីអាស៊ាន-អូស្ត្រាលី ប្រឆាំងការជួញដូរមនុស្ស ដោយមានការចូលរួមពីសំណាក់ លោកស្រី Mariam Diakite លេខាទី១ (ទទួលបន្ទុកផ្នែកសន្តិសុខមនុស្ស) នៃស្ថានបេសកម្មអូស្ត្រាលីប្រចាំអាស៊ាន, តំណាង ASEAN-ACT និងតំណាងក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ រួមមាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស, ក្រសួងកិច្ចការនារី, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រុមប្រឹក្សាសកម្មភាពជនពិការ, ចៅក្រម និងព្រះរាជអាជ្ញាជំនាញ រួមជាមួយនឹងដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ។