ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី "ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ"

     នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ ដោយទទួលការអនុញ្ញាតពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី "ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ" ក្នុងបរិបទវិវាទរដ្ឋប្បវេណី។ ពិធីនេះ មានការចូលរួមជាគណៈអធិបតីពីសំណាក់ លោក SANUI Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា និងដោយមានការចូលរួមពី ចៅក្រមតុលាការកំពូល, ចៅក្រមនៃសាលាឧទ្ធរណ៍តំបន់ទាំងបួន, ចៅក្រមមកពីសាលាសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស និងសមាជិកក្រុមការងារ TWG សរុបចំនួន ៩០ រូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងយុត្តិធម៌ និង JICA និងដោយការសម្របសម្រួលពី បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ដោយមានគោលបំណងសំខាន់ចំនួន ២ គឺ

(ទី១)-ដើម្បីជាការពង្រឹង និងលើកកម្ពស់សមត្ថភាពចៅក្រម ដែលកំពុងបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលបន្ត និង

(ទី២)-ចូលរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់គុណភាពនៃសេចក្តីសម្រេចរបស់តុលាការ។

     ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីគុណតម្លៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ JICA តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌នេះ ដែលបានអនុវត្តរយៈពេលជាង ២៤ ឆ្នាំកន្លងមកហើយ គិតចាប់តាំងពីការអនុវត្តជំហានទី១ នៅឆ្នាំ១៩៩៩ មកដល់ពេលបច្ចុប្បន្នឈានដល់ការអនុវត្តជំហានទី៦ នេះ បានធ្វើការកសាងនូវប្រព័ន្ធច្បាប់រដ្ឋប្បវេណីមួយយ៉ាងពេញលេញដល់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណី។