នារសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១ និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់មានជាអាទិ៍ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ», «កម្ពុជាស្អាត ខ្មែរធ្វើបាន», បង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០, ពិព័រណ៍«ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើង មានភាពស្អាត។ រដ្ឋមន្រ្តីក្រសួងបរិស្ថានណែនាំឱ្យមន្រ្តីបន្តជំរុញយុទ្ធនាការឱ្យទៅជាចលនា និងឈានទៅដល់ជាទម្លាប់ ដើម្បីឆ្ពោះទៅអនាគតកម្ពុជាស្អាត។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ដែលបានប្រឹងប្រែងរួមគ្នាក្នុងរយៈពេល១ឆ្នាំកន្លងមក ដោយសម្រេចលទ្ធផលគួរជាទីមោទនៈ និងសូមរួមគ្នាបន្តអនុវត្តសសរស្តម្ភ «ភាពស្អាត ភាពបៃតង និងចីរភាព» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។