បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សអាជ្ញាសាលា ជំនាន់ទី៣ និងសិស្សសារការី ជំនាន់ទី៤ ដែលមានសិស្សសរុបចំនួន ១០៥នាក់ ក្នុងនោះសិស្សអាជ្ញាសាលាមានចំនួន ៥៥នាក់ និងសិស្សសារការីមានចំនួន ៥០នាក់។ ពិធីនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ និងគ្រូបង្គោលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម កេង សុម៉ារិទ្ធ បាននាំយកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីផ្តាំផ្ញើ និងណែនាំដល់សិស្សអាជ្ញាសាលា ជំនាន់ទី៣ និងសិស្សសារការី ជំនាន់ទី៤ ទាំងអស់ឱ្យខិតខំរៀនសូត្រ ស្រាវជ្រាវ ក្រេបយកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ដែលផ្តល់ដោយសាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ នៅក្នុងអំឡុងពេលទទួលការបណ្តុះបណ្តាល ហើយត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទាំងលើផ្នែកបច្ចេកទេស ទាំងលើការអនុវត្តជាក់ស្តែង ហើយត្រូវរក្សាឱ្យបាននូវការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ប្រកបដោយសក្ដានុពល ព្រមទាំងមានសមត្ថភាពខ្ពស់ និងពិតប្រាកដនៅពេលបញ្ចប់ការបណ្តុះបណ្តាលហើយចេញទៅបម្រើការងារ។