នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យ ការអនុវត្តយុទ្ធនាការក្រសួងយុត្តិធម៌ រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំជំនួបពិភាក្សាការងារ ជាមួយសមត្ថកិច្ចអនុវត្តច្បាប់ មកពីក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងប្រសិទ្ធិភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តច្បាប់ក្នុងសំណុំរឿងពិសេសទាំង៣ គឺ គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង។ កិច្ចប្រជុំពិភាក្សានេះបានផ្តោតសំខាន់លើកិច្ចការសំខាន់ៗមួយចំនួន រួមមានដូចខាងក្រោម៖
១. ការចែករំលែកអំពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់របស់មន្រ្តីនគរបាលយុត្តិធម៌ ជាមួយស្ថាប័នអយ្យការ និង តុលាការ ដើម្បីដាក់ចេញជាដំណោះស្រាយរួម
២. ការចែករំលែករបាយការណ៍លទ្ធផលការងារ ពាក់ព័ន្ធនឹងចំណាត់ការរបស់មន្រ្តីនគរបាលយុត្តិធម៌លើករណីសំណុំរឿងពិសេសទាំង ៣
៣. រៀបចំនូវយន្តការនៃកិច្ចសហការ ក្នុងការតាមដាន ត្រួតពិនិត្យ ការអនុវត្តយុទ្ធនាការ និង ពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ ក្នុងសំណុំរឿងពិសេសទាំង ៣។