ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (DE MONTFORT UNIVERSITY CAMBODIA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ សីហា ២០២៤។ សាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) គឺជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស មានកម្រិតស្តង់ដារអន្តរជាតិ ដោយមានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ។ សាកលវិទ្យាល័យ មានបុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការដៃគូ (Progression and Articulation Agreements) ជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក៕