ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក Andrew Herrup ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Andrew Herrup ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដែលសម្រេចបាន នាពេលកន្លងមក។ ជាមួយគ្នានេះ, លោក Andrew Herrup បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់ រវាងស្ថាប័នទាំងពីរ ដូចគ្នាផងដែរ។ ជំនួបពិភាក្សានេះផ្ដោតទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានាដែលកំពុងរីកសាយភាយនៅក្នុងតំបន់។