ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៦ សីហា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត OCIC។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក គ្រូ និង សាស្ដ្រាចារ្យខែ្មរ-បរទេស សរុបចំនួន ៤៧៧នាក់ (នារី១៨៤នាក់) ហើយនិស្សិតដែលកំពុងសិក្សាមានចំនួន ២,៧០៧ នាក់ (នារី ១,៦៧៦នាក់) និងចាប់ពីឆ្នាំសិក្សា ២០០៦-២០០៧ មកដល់ឆ្នាំសិក្សា ២០២៣-២០២៤ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤,៦០៧ នាក់ ( នារី ២,៦៥៧ នាក់ ) គិតទាំងនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះផងដែរ។ យោងតាមរបាយការណ៍ស្ទង់មតិរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងចំណោមនិស្សិតជ័យលាភី សរុបចំនួន៥៦១នាក់នេះ អ្នកមានការងារធ្វើចំនួន ៥៥៥នាក់ ស្មើនឹង ៩៩%៕