ទីស្ដីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូឡាវ ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមអគ្គរដ្ឋអាជ្ញា និងគណៈប្រតិភូឡាវ ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីចុះហត្ថលេខាបន្តលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវាងមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងការអបអរសាទរ ចំពោះការចុះហត្ថលេខាបន្តលើអនុស្សរណៈនេះ ព្រមទាំងបានបញ្ជាក់ថា អនុស្សរណៈនេះ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងរវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃប្រទេសទាំងពីរ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ។