នៅព្រឹកថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធាននៃគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ( គ.ត.ម.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងដោះស្រាយលើបណ្ដឹងដែលមានភាពស្មុគស្មាញ និងពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសសំណុំរឿងព្រហ្មទណ្ឌ នៃគ.ត.ម.។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារដែលទទួលបន្ទុកពិនិត្យ និងចាត់ការលើពាក្យសុំអន្តរាគមន៍ ជាមួយក្រុមការងារស្ថិតិ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារព្រមទាំងពង្រឹងធ្វើយ៉ាងណាដើម្បីឱ្យការដោះស្រាយពាក្យសុំអន្តរាគមន៍មានភាពឆាប់រហ័ស និងយុត្តិធម៌ជូនម្ចាស់ពាក្យសុំអន្តរាគមន៍។