នៅថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ រួមជាមួយ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរៀបចំឡើងដោយគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន គ.យ.ប.។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការនានា ដែលទទួលបន្ទុកអនុវត្តរួមលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានធ្វើការពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖
១. សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
២. គោលការណ៍នៃការផ្សារភ្ជាប់រវាង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨
៣. តារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មសម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង
៤. វឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨