នៅព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងយុត្តិធម៌ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំជាលើកដំបូង ស្តីពីការរៀបចំឱ្យមានសង្គតិភាពក្នុងការអនុវត្តនីតិវិធីបណ្ដេញជនបរទេស ចេញពីព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តទោសចប់ពីពន្ធនាគារ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ឯកឧត្តម ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាននៃក្រសួងយុត្តិធម៌ តំណាងអយ្យការ និងតំណាងសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញមួយចំនួនផងដែរ។